លក្ខន្តិកៈនៃក្រុមហ៊ុនមូលធន

លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតសម្រាប់ការបង្កើតក្រុមហ៊ុនមូលធន គឺការតម្កល់លក្ខន្តិកៈក្រុមហ៊ុន។ (មាត្រា៩១) លក្ខន្តិកៈក្រុមហ៊ុនគឺជាអ្វី? តើគេត្រូវសរសេរអ្វីខ្លះនៅក្នុងលក្ខន្តិកៈក្រុមហ៊ុន? ហេតុអ្វីត្រូវមានលក្ខន្តិកៈក្រុមហ៊ុន? តើលក្ខន្តិកៈក្រុមហ៊ុន និងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន (Shareholders Agreement) ដូចគ្នា ឬខុសគ្នាយ៉ាងដូចម៉្តេច? អត្ថបទនេះ នឹងពិភាក្សាដោយសង្ខេបអំពី សំណួរទាំងនេះ។ ប្រសិនបើមិនមានបញ្ជាក់ទេ មាត្រាដែល បានយោងក្នុងអត្ថបទនេះ សំដៅដល់មាត្រានៃច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥។

. លក្ខន្តិកៈក្រុមហ៊ុនគឺជាអ្វី? តើគេត្រូវសរសេរអ្វីខ្លះនៅក្នុងលក្ខន្តិកៈក្រុមហ៊ុន?

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ជាពិសេសត្រង់មាត្រា ៨៨ មិនបានកំណត់និយមន័យនៃពាក្យ “លក្ខន្តិកៈ” ឲ្យបានច្បាស់លាស់ទេ។ ដោយឡែក យោងតាមសន្ទានុក្រម ផ្នែករដ្ឋប្បវេណី ក្នុងក្រមរដ្ឋប្បវេណី “លក្ខន្តិកៈ” សំដៅដល់លិខិតបង្កើតនីតិបុគ្គល ដែលមានចុះនិទ្ទេសចាំបាច់ ខ្វះមិនបាន អំពីចំណុចសំខាន់ៗដូចជាគោលបំណង នាមករណ៍ ទីតាំងនៃទីស្នាក់ការកណ្តាល ។ល។ អនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មាត្រា ៩៣ លក្ខន្តិកៈក្រុមហ៊ុន ត្រូវចែងនូវលក្ខខណ្ឌដែលមានជាអាទិ៍ (១) នាមករណ៍របស់ក្រុមហ៊ុន (២) ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា (៣) កម្មវត្ថុអាជីវកម្មនៃក្រុមហ៊ុន និងការកំណត់នូវអាជីវកម្មដែលក្រុមហ៊ុននោះធ្វើពាណិជ្ជកម្ម (៤) ដើមទុនដែលត្រូវប្រកាសជារូបិយវត្ថុជាតិ (៥) ចំណាត់ប្រភេទ ចំនួនអតិបរមានៃភាគហ៊ុន តម្លៃចារឹកលើប័ណ្ណភាគហ៊ុន និងការរៀបរាប់ពីសិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទនីមួយៗនៃប័ណ្ណភាគហ៊ុននោះ (៦) ឈ្មោះ និងអាសយដ្ឋានពិតប្រាកដរបស់ សមាជិកក្រុមហ៊ុនម្នាក់ៗ (៧) ចំនួនអភិបាល ឬចំនួនអប្បបរមា និងអតិបរមានៃអភិបាលរបស់ក្រុមហ៊ុននោះ។ បន្ថែមពីនេះ លក្ខន្តិកៈក្រុមហ៊ុនត្រូវរួមបញ្ចូលផងដែរនូវរាល់ចំណុចផ្សេងទៀតតាមករណីចាំបាច់។ (មាត្រា ៩៤) លក្ខន្តិកៈក្រុមហ៊ុនអាចធ្វេីឡើងតាមរូបភាពជាលិខិតរវាងឯកជន ឬជាលិខិតសារការី ហើយគ្រប់ទំព័រនៃលក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចុះហត្ថលេខា ឬហត្ថលេខាសង្ខេបដោយសមាជិកទាំងអស់របស់ក្រុមហ៊ុននោះ។ (មាត្រា ៩៥)

២. ហេតុអ្វីក្រុមហ៊ុនត្រូវមានលក្ខន្តិកៈ?

ក្រុមហ៊ុនបានទទួលនីតិបុគ្គលិកលក្ខណៈ ពោលគឺ សមត្ថភាព ទទួលសិទ្ធិ និងកាតព្វកិច្ច ដូចរូបវន្តបុគ្គលដែរចាប់ពីកាលបរិច្ឆេទដែលបានចុះក្នុងបញ្ជីពាណិជ្ជកម្ម (មាត្រា ៩៨ និងមាត្រា ៩៩)។ ខុសពីរូបវន្តបុគ្គលដែលមានសមត្ថភាពធ្វើសកម្មភាពដោយខ្លួនឯងបាន ក្រុមហ៊ុនមិនអាចធ្វើសកម្មភាពដោយខ្លួនឯងបានឡើយ គឺក្រុមហ៊ុនត្រូវការភ្នាក់ងារ ឬ អ្នកតំណាងដែលជារូបវន្តបុគ្គលដើម្បីបំពេញសកម្មភាពទាំងអស់របស់ក្រុមហ៊ុន។ ដូច្នេះ វាមានភាពចាំបាច់ដែលត្រូវមានច្បាប់ (លក្ខន្តិកៈ) ដែលជាមាត្រដ្ឋាន ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន ម្ចាស់ភាគហ៊ុន អភិបាល មន្រ្តី និង បុគ្គលិករបស់ក្រុមហ៊ុន និង ដើម្បីការពារសិទ្ធិ និងប្រយោជន៍របស់បុគ្គលពាក់ព័ន្ធផ្សេងទៀតផងដែរ។ ឧទាហរណ៍ មាត្រា ១០៣ នៃច្បាប់ដដែលបានចែងថាក្រុមហ៊ុន មិនត្រូវប្រកបពាណិជ្ជកម្មណាមួយ ឬអនុវត្តសិទ្ធិណាមួយដែលលក្ខន្តិកៈរបស់ខ្លួនបានហាមឃាត់ ឬ មិនត្រូវអនុវត្តសិទ្ធិណាមួយ ដែលផ្ទុយពីលក្ខខន្តិកៈរបស់ខ្លួនឡើយ។ ហើយក្នុងគោលដៅនៃការពារបុគ្គលពាក់ព័ន្ធ មាត្រា ១០៤ បានកំណត់ថា ប្រការដែលក្រុុមហ៊ុនបានប្រព្រឹត្តរំលោភលើលក្ខន្តិកៈរបស់ខ្លួនមិននាំឲ្យមានមោឃភាពដល់ការប្រព្រឹត្តនោះឡើយ។ ហេតុដូចនេះ បើទោះបីជាសកម្មភាពរបស់ក្រុមហ៊ុន (ដូចជាការផ្ទេរទ្រព្យសម្បត្តិទៅឲ្យក្រុមហ៊ុន ឬការផ្ទេរទ្រព្យសម្បត្តិពីក្រុមហ៊ុន) ផ្ទុយទៅនឹងលក្ខន្តិកៈក៏ដោយ ក៏សម្មភាពនេះមានសុពលភាពដែរ។

៣. តើលក្ខន្តិកៈក្រុមហ៊ុន និងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន (Shareholders Agreement) ដូចគ្នា ឬខុសគ្នាយ៉ាងដូចម៉្តេច?

យើងសង្កេតឃើញថា នៅក្នុងការអនុវត្ត ភាគច្រើនមានកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនបន្ថែមលើលក្ខន្តិកៈក្រុមហ៊ុន។ ឯកសារទាំងពីរនេះ ដូចគ្នាត្រង់ថាជាឯកសារដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរបស់ភាគីទាំងអស់ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន។  ហើយអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ក៏អាចមានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុនដែរ។ ក៏ប៉ុន្តែអ្វីដែលខុសគ្នាត្រង់ថាលក្ខន្តិកៈ ក្រុមហ៊ុនជាឯកសារតម្រូវឲ្យមានដោយច្បាប់ ហើយត្រូវបញ្ចូលនូវលក្ខខណ្ឌមួយចំនួនដែលតម្រូវដោយច្បាប់ ព្រមទាំងត្រូវតម្កល់នៅក្រសួងពាណិជ្ជកម្ម (មាត្រា ៩៦)។ លើសពីនេះ រាល់ការកែប្រែលក្ខន្តិកៈនេះ ក៏ត្រូវតម្កល់នៅក្រសួងពាណិជ្ជកម្មដែរ (មាត្រា ២៣៩ និងមាត្រា ២៤០)។ ចំណែកឯកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនវិញ គឺជាលិខិតមានលក្ខណៈឯកជនសម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងម្ចាស់ភាគហ៊ុន និងម្ចាស់ភាគហ៊ុន ហើយការបង្កើត និងការកែប្រែកិច្ចព្រមព្រៀងនេះ មិនត្រូវបានតម្កល់នៅក្រសួងពាណិជ្ជកម្ម ឬបង្ហាញដល់តតិយជនឡើយ។ ហេតុដូច្នេះ យើងអាចសន្និដ្ឋានថា ក្នុងករណីដែលមានវិវាទរវាងក្រុមហ៊ុន ជាមួយនឹងបុគ្គលដែលមិនមែនជាម្ចាស់ភាគហ៊ុន លក្ខន្តិកៈក្រុមហ៊ុនត្រូវយកមកប្រើ ហើយក្នុងករណីដែលមានវិវាទរវាងម្ចាស់ហ៊ុន ឯកសារទាំងពីរ (លក្ខន្តិកៈក្រុមហ៊ុន និងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន) ត្រូវយកមកប្រើដើម្បីដោះស្រាយវិវាទនោះ។

ក៏ប៉ុន្តែប្រសិនបើលក្ខន្តិកៈ និងកិច្ចព្រមព្រៀងនេះមានខ្លឹមសារផ្ទុយគ្នាដែលនាំឲ្យមានការអនុវត្តផ្ទុយគ្នា ឬមានវិវាទកើតឡើងរវាងម្ចាស់ភាគហ៊ុន តើគេត្រូវយកឯកសារណាមួយជាគោល? ក្នុងករណីនេះ ជាការបកស្រាយ លក្ខន្តិកៈក្រុមហ៊ុនត្រូវមានឧត្តមានុភាពលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ពោលគឺត្រូវយកលក្ខន្តិកៈជាគោល ដោយហេតុថាលក្ខន្តិកៈជាឯកសារដែលបានតម្កល់នៅក្រសួងពាណិជ្ជកម្មដែលតតិយជនពាក់ព័ន្ធ (ឧទាហរណ៍ ម្ចាស់បំណុល ឬអ្នកចង់ទិញភាគហ៊ុន ឬក្រុមហ៊ុន) អាចទទួលបានងាយស្រួលជាងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន។ ម៉្យាងទៀត ការកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ហ៊ុន ឬខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនដែលផ្ទុយនឹងអ្វីដែលមានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន អាចនាំឲ្យប៉ះពាល់ដល់ការរំពឹងទុក និង/ឬ ផលប្រយោជន៍របស់ក្រុមហ៊ុន និង/ឬ តតិយជនដែលមានផលប្រយោជន៍ ឬទំនាក់ទំនងជាមួយនឹងក្រុមហ៊ុននោះ។

Categories Commercial Laws

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close