យុត្តិសាស្រ្តតុលាការ សំដៅដល់វិធានដែលកើតចេញពីទម្លាប់របស់តុលាការក្នុងការដោះស្រាយវិវាទ។ តើទម្លាប់បែបណាដែលបង្កើត យុត្តិសាស្រ្ត? គឺជាទម្លាប់របស់តុលាការ ដែលមាននិន្នាការបកស្រាយច្បាប់ដូចគ្នា ផ្តល់នូវដំណោះស្រាយច្បាប់ស្រដៀងគ្នា ចំពោះវិវាទដែលមានអង្គហេតុស្រដៀងគ្នា។ គេក៏អាចនិយាយម៉្យាងទៀតផងដែរថា យុត្តិសាស្ត្រគឺជាវិធានដែលបង្កើតដោយតុលាការ តាមរយៈអំណាចនៃការបកស្រាយច្បាប់ និងអំណាចនៃការសម្រេចសេចក្តីរបស់តុលាការ ជាពិេសស នៅក្នុងករណីដែលមិនមានច្បាប់ ឬករណីដែលអត្ថបទច្បាប់ចែងមិនច្បាស់លាស់។ តើទម្លាប់ខាងលើនេះកើតឡើងដោយសារច្បាប់តម្រូវ ឬដោយសារមូលហេតុយ៉ាងណា?
តាមគោលការណ៍ Stare Decisis ដែលបានទទួលយកដោយប្រទេសនៃប្រព័ន្ធច្បាប់ Common Law តុលាការមានកាតព្វកិច្ចអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការមុនៗ ដែលបានដោះស្រាយរឿងក្តីស្រដៀងគ្នានឹងរឿងក្តីដែលខ្លួនកំពុងដោះស្រាយ ក្នុងគោលបំណងធានានូវសមភាពរវាងបុគ្គលក្នុងសង្គម។ ចំណែកឯប្រទេសនៃប្រព័ន្ធច្បាប់ Civil Lawដែលពឹងផ្អែកលើច្បាប់របស់ស្ថាប័ននីតិបញ្ញត្តិមិនបញ្ចូលគោលការណ៍ Stare Decisis ក្នុងច្បាប់ឡើយ ពោលគឺតុលាការពុំមានកាតព្វកិច្ចអនុវត្តតាមយុត្តិសាស្រ្ត ឬវិធានដែលបង្កើតដោយតុលាការមុនៗឡើយ។ ការមិនដាក់ជាកាតព្វកិច្ចនេះអាចបណ្តាលមកពីផ្អែកតាមគោលការណ៍នៃការបែងចែកអំណាច (Principle of Separation of Powers) និងគោលការណ៍នៃការបែងចែកពលកម្ម (Principle of Labor Divisions) ដែលយល់ឃើញថាការបង្កើតច្បាប់គឺជាសមត្ថកិច្ច ឬកិច្ចការរបស់ស្ថាប័ននីតិបញ្ញត្តិ ចំណែកឯអនុវត្តច្បាប់វិញគឺជាសមត្ថកិច្ច ឬកិច្ចការរបស់តុលាការ ។
បើទោះបីជាច្បាប់មិនតម្រូវឱ្យតុលាការនៃប្រទេស Civil Law អនុវត្តតាមយុត្តិសាស្រ្ត ឬទម្លាប់នៃការដោះស្រាយវិវាទមុនៗក៏ដោយ ក៏នៅក្នុងការអនុវត្ត គេពិនិត្យឃើញថាសេចក្តីសម្រេចរបស់តុលាការមុនៗ ជាពិេសេសសេចក្តីសម្រេច (សាលដីកា) របស់តុលការជាន់ខ្ពស់ ត្រូវបានគេយកមកធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយវិវាទដែលមានអង្គហេតុស្រដៀងគ្នា។ ពេលខ្លះ សេចក្តីសម្រេចរបស់តុលាការជាន់ទាប ក៏អាចក្លាយជាយុត្តិសាស្រ្តបានដែរ ប្រសិនបើសេចក្តីសម្រេចនោះត្រូវបានគេយកធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយវិវាទ។ ទម្លាប់នៃការអនុវត្តបែបនេះ អាចដោយសារមូលហេតុជាច្រើន។
មូលហេតុទី ១ គឺ ការធានានូវសមភាពរបស់ភាគីនៃវិវាទ ដែលតម្រូវឱ្យតុលារផ្តល់នូវដំណោះស្រាយស្រដៀងគ្នា ចំពោះអង្គហេតុស្រដៀងគ្នា។
មូលហេតុទី ២ គឺ ការធានានូវស្ថេរភាពនៃទំនាក់ទំនងឯកជន ដែលតម្រូវឱ្យមានសង្គតភាពក្នុងការបកស្រាយច្បាប់នៅក្នុងការដោះស្រាយវិវាទ ដើម្បីជៀសវាសនូវភាពមិនច្បាស់លាស់នៃការអនុវត្តច្បាប់។
មូលហេតុទី ៣ គឺ ភាពងាយស្រួល និងប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ដោយតុលាការគ្រាន់តែយោលទៅលើការសម្រេចសេចក្តី ឬវិធានដែលបានបង្កើតមុនៗ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការរិះរកដំណោះស្រាយច្បាប់ឡើយ។
មូលហេតុទី ៤ គឺ តុលាការជាន់ខ្ពស់មានទម្លាប់ច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបណាដែលមិនអនុវត្តតាមសេចក្តីសម្រេចរបស់ខ្លួន។ ហេតុនេះហើយ ដើម្បីជៀសវាងនូវការបដិសេធ ឬច្រានចោលចំពោះសេចក្តីសម្រេចរបស់ខ្លួនដោយតុលាការជាន់ខ្ពស់ តុលាការជាន់ទាបមាននិន្នាការអនុវត្តតាមសេចក្តីសម្រេចមុនៗរបស់តុលាការជាន់ខ្ពស់។
ហេតុដូចនេះ បន្ថែមលើទ្រឹស្តីច្បាប់ និងអត្ថបទច្បាប់ជាធរមាន អ្នកសិក្សាច្បាប់គួរស្វែងយល់អំពីយុត្តិសាស្រ្តតុលាការផងដែរ ព្រោះថាយុត្តិសាស្រ្តជាវិធានដែលបំពេញបន្ថែមលើអត្ថបទច្បាប់ ដែលគេចាំបាច់ត្រូវដឹងដើម្បីធានាដល់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ សូមជម្រាបជូនថាឯកសារនេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋម ដែលគួរមានការសិក្សាស្រាវជ្រាវបន្តទៀត។ សូមអរគុណ។