ប្រទេសមួយមិនអាចគ្រាន់តែចម្លងច្បាប់បរទេស ឬត្រាប់តាមការអនុវត្តរបស់ប្រទេសណាមួយផ្សេងទៀតបានទេ។ នីតិប្រៀបធៀប គឺជាវិធីសាស្ត្រដែលត្រូវបានប្រេីប្រាស់ដេីម្បីដោះស្រាយបញ្ហាច្បាប់របស់ប្រទេសណាមួយ ដោយផ្អែកលេីការសិក្សាអំពីបទពិសោធន៍អនុវត្តច្បាប់របស់ប្រទេសណាមួយ ឬច្រេីនផ្សេងទៀត។ អ្នកសិក្សាត្រូវយល់ពីទិដ្ឋភាពប្រវត្តិសាស្ត្រ សង្គម វប្បធម៌ សេដ្ឋកិច្ចជាអាទិ៍ ជាពិសេសការវិវត្តនៃទស្សនវិទ្យា បន្ថែមលេីអត្ថបទច្បាប់ និងការអនុវត្តច្បាប់របស់ប្រទសនីមួយៗ ទេីបអាចធ្វេីការវិភាគបែបប្រៀបធៀបមានប្រសិទ្ធភាព ពោលគឺអាចដោះស្រាយបញ្ហាច្បាប់បាន។
ហេតុអ្វីត្រូវប្រេីវីធីសាស្ត្រប្រៀបធៀបក្នុងការដោះស្រាយបញ្ហាច្បាប់របស់កម្ពុជា? ទី១ ភាពងាយស្រួល៖ នីតិនិពន្ធមិនចាំបាច់នឹកស្រមៃរកច្បាប់ថ្មី ដោយពួកគាត់គ្រាន់តែផ្អែកលេីច្បាប់មានស្រាប់ដែលត្រូវបានអនុវត្តជាក់ស្តងក្នុងប្រទេសណាមួយជាការស្រេច។ ទី២ ឯកភាពនៃច្បាប់៖ សាកលភាវូបនីយកម្ម និងការរីកចម្រេីននៃបច្ចេកវិទ្យាឌីជីថល ដែលបង្កេីតប្រតិបត្តិការពាណិជ្ជកម្មឆ្លងប្រទេសគ្មានព្រំដែន ការអនុម័តច្បាប់ដោយមិនបានសិក្សាអំពីច្បាប់របស់ប្រទេសផ្សេងទៀត អាចរាំងស្ទះដល់ដំណេីរការទាំងនោះ។ នីតិប្រៀបធៀបធ្វេីឱ្យច្បាប់ប្រទេសដៃគូរពាណិជ្ជកម្មកាន់តែស្រដៀងគ្នា។ ទី៣ ការយល់កាន់តែច្បាស់អំពីច្បាប់របស់ខ្លួន៖ ការប្រៀបធៀបជាមួយច្បាប់បរទេសធ្វេីឱ្យនីតិនិពន្ធឈ្វែងយល់អំពីចំណុចខ្លាំង ចំណុចខ្សោយ ឬភាពចន្លោះប្រហោងនៃច្បាប់របស់ខ្លួន។
តេីនីតិនិពន្ធ ឬអ្នកសិក្សាច្បាប់ គួរជ្រេីសរេីសយកច្បាប់របស់ប្រទេសណាដេីម្បីសិក្សាប្រៀបធៀប? ការប្រៀបធៀបមានគោលដៅដោះស្រាយបញ្ហាច្បាប់។ បញ្ហាច្បាប់សំដៅដល់ករណីដែលសង្គមពុំមានច្បាប់ដោះស្រាយ ឬអាចជាករណីដែលមានច្បាប់រួចហេីយ តែនៅមានភាពខ្វះចន្លោះដែលនាំឱ្យមានការបកស្រាយយល់ឃេីញផ្សេងៗគ្នា ហេីយជាវិបាកមានវិវាទកេីតឡេីង។ ក្នុងរណីខ្លះ ច្បាប់ថ្មីពេក ខ្វះបទពិសោធន៍នៃការអនុវត្តជាក់ស្តែងក្នុងប្រទេសនោះ។ តេីគេគួរជ្រេីសរេីសច្បាប់នៃប្រទេសដែលមានប្រពៃណីប្រព័ន្ធច្បាប់ (Civil Law or Common Law) ដូចគ្នា ឬយ៉ាងណា? តេីគេគួរជ្រេីសរេីសច្បាប់នៃប្រទេសដែលជឿនលឿនជាងប្រទេសខ្លួន ឬយ៉ាងណា? តេីគេគួរជ្រេីសរេីសប្រទេសដែលប្រេីប្រាស់ភាសាអង់គ្លេស ឬបារាំង ឬភាសាណាដែលងាយស្រួលដល់ការស្រាវជ្រាវ ឬយ៉ាងណា? តេីគេគួរជ្រេីសរេីសប្រទេសជាប់ព្រំដែន ឬក្នុងតំបន់ (ASEAN or EU) ឬយ៉ាងណា? វាជាជម្រេីសរបស់នីតិនិពន្ធ និងអ្នកសិក្សាច្បាប់ ក្នុងការជ្រេីសរេីសច្បាប់នៃប្រទេសមួយ ឬច្រេីន ឱ្យតែមានហេតុផលសមរម្យ ពោលគឺត្រូវមានការសិក្សាស្រាវជ្រាវច្បាស់លាស់អំពីច្បាប់នៃប្រទេសដែលជាកម្មវត្ថុនៃការប្រៀបធៀប។ ប្រទេសណាដែលមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាស្រដៀងនឹងកម្ពុជា គួរយកច្បាប់នៃប្រទេសនោះមកធ្វេីជាមូលដ្ឋានពិចារណា។ ប្រទេសដែលត្រូវយកមកប្រៀបធៀបអាចមានមួយ ឬច្រេីន តាមធនធាន ពេលវេលា និងដែនកំណត់ស្រាវជ្រាវជាក់ស្តែង។