ជាទូទៅក្រុមហ៊ុនតែងតែមានត្រាសម្គាល់របស់ខ្លួនសម្រាប់បោះភ្ជាប់ទៅលើឯកសារទាំងឡាយដែលចេញដោយក្រុមហ៊ុន ឬធ្វើឡើងក្នុងនាមក្រុមហ៊ុន។ ក្នុងករណីដែលកិច្ចសន្យាបានធ្វើឡើងដោយមានភាគីណាម្ខាង ឬទាំងពីរជាក្រុមហ៊ុន តើចាំបាច់ត្រូវបោះត្រារបស់ក្រុមហ៊ុនទៅលើកិច្ចសន្យានោះដែរឬទេ ដើម្បីឲ្យកិច្ចសន្យានោះមានសុពលភាព ហើយចងកាតព្វកិច្ចក្រុមហ៊ុន?
មាត្រា ១១៥ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ចែងថា “លិខិតស្នាម ឬកិច្ចសន្យា ដែលបានធ្វើក្នុងនាមក្រុមហ៊ុនដោយអភិបាលម្នាក់ ឬអ្នកគ្រប់គ្រងម្នាក់ ឬភ្នាក់ងារម្នាក់របស់ក្រុមហ៊ុន មានសុពលភាព ទោះបីជាគ្មានត្រាសម្គាល់ក្រុមហ៊ុនបោះភ្ជាប់ទៅលើឯកសារទាំងនោះក៏ដោយ។” ហេតុដូចនេះ កិច្ចសន្យាដែលបានធ្វើឡើង (ចុះហត្ថលេខា) ដោយបុគ្គលដែលត្រូវបានតែងតាំងដោយក្រុមហ៊ុន បើទោះបីជាមិនមានត្រាក្រុមហ៊ុនបោះភ្ជាប់ទៅលើកិច្ចសន្យានោះក៏ដោយ ក៏កិច្ចសន្យានោះមានសុពលភាព ហើយមានអានុភាពចងកាតព្វកិច្ចដល់ក្រុមហ៊ុន។
ប៉ុន្តែ ក្នុងការអនុវត្ត យើងតែងតែឃើញត្រាក្រុមហ៊ុនបោះភ្ជាប់ទៅលើឯកសារដើម្បីសម្គាល់ថាឯកសារនោះពិតជារបស់ក្រុមហ៊ុនមែន។ ការអនុវត្តបែបនេះ អាចមកពីមូលហេតុដែលថា ត្រាក្រុមហ៊ុនត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងត្រូវបានប្រើប្រាស់សម្រាប់ឯកសារផ្លូវការ ក្នុងនាមក្រុមហ៊ុន ដែលអាចនាំឲ្យគេអាចជឿបានថាលិខិតស្នាម ឬកិច្ចសន្យាដែលមានត្រាក្រុមហ៊ុន ពិតជាឯកសារ បានធ្វើឡើងដោយបុគ្គលមានសិទ្ធិតំណាងឲ្យក្រុមហ៊ុនពិតប្រាកដមែន។