ប្រាក់ធនានុគ្រោះ (លុយ TIP ឬ Service Charge)

អ្វីទៅជាប្រាក់ធនានុគ្រោះ? យោងតាមមាត្រា ១៣៤ នៃច្បាប់ស្តីពីការងារ ប្រាក់ធនានុគ្រោះ គឺជាកំរៃដែលអតិថិជនឱ្យទៅបុគ្គលិកនៃសហគ្រាសខ្លះដូចជាសណ្ឋាគារ ភោជនាគារ ផ្ទះកាហ្វេ ផ្ទះលក់ភេសជ្ជៈ ផ្ទះកាត់សក់ជាដើម ហើយដែលនិយោជកបានទទួលជាភាគរយដែលត្រូវតែបន្ថែមលើកំណត់ទារប្រាក់ពីអតិថិជនក្រោមចំណារសម្គាល់ថា “សម្រាប់សេវា”។ ប្រាក់ធនានុគ្រោះនេះត្រូវប្រមូលហើយបើកឱ្យបុគ្គលិកដែលទាក់ទងនឹងអតិថិជនវិញទាំងអស់។

តាមរយៈខ្លឹមសារនៃមាត្រា ១៣៤ ខាងលើ យើងពិនិត្យឃើញលក្ខណៈពិសេសនៃប្រាក់ធនានុគ្រោះដូចតទៅ៖

ទី១. ប្រាក់ធនានុគ្រោះ ជាកំរៃដែលអតិថិជនឱ្យទៅកម្មករនិយោជិត។

ទី២. ប្រាក់ធនានុគ្រោះមិនផ្តល់ឱ្យទៅបុគ្គលិកនៃសហគ្រាសគ្រប់ប្រភេទឡើយ។ ប្រភេទនៃកម្មករនិយោជិតដែលទទួលបានប្រាក់ធនានុគ្រោះនេះ គឺជាបុគ្គលិកនៃសហគ្រាសដូចជាសណ្ឋាគារ ភោជនាគារ ផ្ទះកាហ្វេ ផ្ទះលក់ភេសជ្ជៈ ផ្ទះកាត់សក់ជាដើម។

ទី៣. និយោជកបានទទួលប្រាក់ធនានុគ្រោះពីអតិថិជន ដោយគិតជាភាគរយដែលត្រូវបន្ថែមលើកំណត់ទារប្រាក់ពីអតិថិជន។ ក្នុងការអនុវត្ត យើងឃើញនៅលើវិក័យប័ត្រទូទាត់ប្រាក់ មាន(ក)ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ថ្លៃទំនិញ ឬសេវា (ខ)អាករលេីតម្លៃបន្ថែម និង(គ)ប្រាក់សម្រាប់សេវា ឬជាភាសាអង់គ្លេសថា “ Service Charge” (ដែលជាឧទាហរណ៍ អាចមានអត្រា ១០% ១៥% ឬអាចច្រេីនជាងនេះ) ជាអាទិ៍។

ទី ៤. ប្រាក់ធនានុគ្រោះត្រូវបានប្រមូលដោយនិយោជក ហើយចែកចាយឱ្យដល់បុគ្គលិកដែលមានទំនាក់ទំនងជាមួយអតិថិជនវិញ។

អនុលោមតាមមាត្រា ៣៦១ នៃច្បាប់ស្តីពីការងារ អ្នកប្រព្រឹត្តល្មេីសនឹងមាត្រា១៣៤ (ដូចរៀបរាប់ខាងលេី) ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពីដប់ថ្ងៃទៅសាមសិបថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ យោងតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសលេខ ៦៥៩ ចុះថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការពិន័យជាប្រាក់ចំពោះអ្នកប្រព្រឹត្តល្មេីសនឹងច្បាប់ស្តីពីការងារ ការដែលនិយោជកមិនបានត្រួតពិនិត្យ និងបេីកប្រាក់ធានានុគ្រោះឱ្យបានត្រឹមត្រូវ ដូចកំណត់ក្នុងមាត្រា ១៣៤ នាំឱ្យមានការពិន័យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលមានចំនួនថ្ងៃរងការពិន័យ ២១ ថ្ងៃ និងទឹកប្រាក់ត្រូវពិន័យ ៨៤០ ០០០ រៀល។ ការពិន័យអនុលោមតាមការសម្រចរបស់សាលាជម្រះក្តីដែលមានចំនួនថ្ងៃរងការពិន័យ ពី១០ថ្ងៃ ទៅ៣០ ថ្ងៃ និងទឹកប្រាក់ត្រូវពិន័យ ពី៤០០ ០០០ រៀល ទៅ ១ ២០០ ០០០រៀល។ (ប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ស្មេីនឹង ៤០ ០០០ រៀល)

មាត្រា ១៣៥ នៃច្បាប់ស្តីពីការងារបានកំណត់ថា និយោជកត្រូវបញ្ជាក់ឱ្យច្បាស់លាស់អំពីការទទួល និងការប្រគល់ឱ្យបុគ្គលិកនូវប្រាក់ធនានុគ្រោះដូចបានរៀប រាប់ខាងលើនេះ។ ដូចនេះ (ជាការបកស្រាយ) ក្នុងករណីមានវិវាទពាក់ព័ន្ធនឹងការប្រគល់ប្រាក់ធនានុគ្រោះនេះ និយោជកជាអ្នកបង្ហាញភស្តុតាង។

របៀបចែកចាយប្រាក់ធនានុគ្រោះ ប្រភេទបុគ្គលិកដែលត្រូវចូលរួមក្នុងការចែកចាយនេះ ត្រូវកំរិតតាមទម្លាប់នៃវិជ្ជាជីវៈ ឬបើគ្មានទេ ត្រូវកម្រិតតាមប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ។ (មាត្រា ១៣៦ ច្បាប់ស្តីពីការងារ។) ក្នុងការអនុវត្ត ប្រាក់ធានានុគ្រោះនេះអាចត្រូវបានផ្តល់ជូនកម្មករនិយោជិតនៅពេលបើកប្រាក់ឈ្នួល។ វិធាន ឬលក្ខខណ្ឌដែលគ្រប់គ្រង និងការបែងចែកប្រាក់ធនានុគ្រោះ អាចត្រូវបានកំណត់ក្នុងកិច្ចសន្យាការងារ បទបញ្ជាផ្ទៃក្នុង និងអនុសញ្ញារួមផងដែរ។

សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។ ប្រសិនបើលោកអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី។

Categories Employment and Labor Laws

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close