ប្រាក់បំណាច់អតីតភាពការងារ គឺជាប្រាក់បំណាច់ដែលច្បាប់ស្តីពីការងារផ្តល់ជូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងសហគ្រាស។ តាមរយៈវិសោធនកម្មលើមាត្រា ៨៩ និងមាត្រាពាក់ព័ន្ធផ្សេងទៀតនៃច្បាប់ស្តីពីការងារ នៅក្នុងឆ្នាំ ២០១៨ ប្រាក់បំណាច់អតីតភាពការងារនេះបានមកជំនួសប្រាក់បំណាច់បណ្តេញចេញដែលនិយោជកត្រូវផ្តល់ជូនកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារ។ តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីឱ្យកម្មករនិយោជិតទទួលបានប្រាក់បំណាច់អតីតភាពការងារនេះ? តើប្រាក់បំណាច់នេះត្រូវបើកជូនកម្មករនិយោជិតយ៉ាងដូចម្ត៉េច? អត្ថបទនេះ ពិភាក្សាដោយសង្ខេបអំពីប្រាក់បំណាច់អតីតភាពការងារនេះ។
១. ភាពដូចគ្នា និងខុសគ្នារវាងប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់បណ្តេញចេញ៖
ថ្វីត្បិតតែប្រាក់បំណាច់បណ្តេញចេញត្រូវបានលុបចោលដូចបានរៀបរាប់ខាងលើក៏ដោយ ដើម្បីងាយស្រួលយល់អំពីប្រាក់បំណាច់អតីតភាពការងារ យើងគួរសាកល្បងប្រៀបធៀបគ្នារវាងប្រាក់បំណាច់ទាំងពីរប្រភេទនេះជាមុនសិន។
ជាដំបូង យើងពិនិត្យឃើញមានចំណុចដូចគ្នាមួយចំនួនដូចខាងក្រោម៖
- ប្រាក់បំណាច់ទាំងពីរប្រភេទនេះត្រូវបានផ្តល់ជូនតែកម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ឬដែលយើងហៅកាត់ជាភាសាអង់គ្លេសថា UDC ប៉ុណ្ណោះ ។ ចំណែកឯកម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានកំណត់ថិរវេលា ឬហៅថា FDC វិញ មិនទទួលបានប្រាក់បំណាច់ទាំងពីរប្រភេទនេះឡើយ។
- ប្រាក់បំណាច់ទាំងពីនេះត្រូវបើកឱ្យទៅកម្មករនិយោជិត ក្នុងករណីបញ្ឈប់ដោយមានជម្ងឺ។
- ចំនួននៃប្រាក់បំណាច់ស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ១៥ ថ្ងៃ ក្នុង ១ ឆ្នាំ។
- ប្រាក់ចំណាច់ទាំងពីរនេះមិនត្រូវបានផ្តល់ជូនកម្មករនិយោជិតដែលលាឈប់ពីការងារដោយសាមីកម្មករនិយោជិតឡើយ។
- ប្រាក់បំណាច់ទាំងពីរនេះ មិនត្រូវបានផ្តល់ជូនកម្មរនិយោជិណាដែលត្រូវបាននិយោជកបញ្ឈប់ពីការងារ ដោយសារកម្មករនិយោជិតនោះមានកំហុសធ្ងន់ឡើយ។
បន្ទាប់ពីបានពិភាក្សាអំពីចំណុចដូចគ្នារួចមក យើងបន្តពិភាក្សាចំណុចខុសគ្នានៃប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់បណ្តេញចេញ ដូចខាងក្រោម៖
- ប្រាក់បំណាច់អតីតភាពការងារត្រូវបានផ្តល់ជូនកម្មករនិយោជិតដែលកំពុងបម្រើការងារជូននិយោជក ចំណែកឯប្រាក់បំណាច់បណ្តេញចេញវិញត្រូវបានផ្តល់ជូនកម្មករនិយោជិតតែក្នុងករណីដែលកម្មករនិយោជិតនោះត្រូវបាននិយោជកបញ្ឈប់ពីការងារតាមច្បាប់តែប៉ុណ្ណោះ។
- វិធានស្តីពីប្រាក់បំណាច់អតីតភាពការងារហាក់ដូចជាផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិតប្រសើរជាងវិធានស្តីពីប្រាក់បំណាច់បណ្តេញចេញ ដោយហេតុថាកម្មករនិយោជិតអាចទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួនពីរដង ជារៀងរាល់ឆ្នាំ។ ក្នុងករណីដែលកម្មករនិយោជិត លាឈប់ពីការងារដោយខ្លួនឯង ឬក្នុងករណីដែលកម្មករនិយោជិតត្រូវបានគេបញ្ឈប់ពីការងារដោយសារកម្មករនិយោជិតមានកំហុសធ្ងន់ នោះកម្មករនិយោជិតអាចនឹងបាត់បង់តែប្រាក់បំណាច់អតីតភាពដែលត្រូវបើកនៅឆមាសនោះ ហេីយដែលស្មើនឹងប្រាំពីរកន្លះថ្ងៃតែប៉ុណ្ណោះ។ ផ្ទុយមកវិញ បើយោងតាមវិធាននៃប្រាក់បំណាច់បណ្តេញចេញវិញ កម្មករនិយោជិតដែលលាឈប់ពីការងារដោយខ្លួនឯង ឬត្រូវបាននិយោជកបណ្តេញចេញពីការងារពុំទទួលបាននូវប្រាក់បំណាច់បណ្តេញចេញនេះឡើយ។
បន្ទាប់ពីបានប្រៀបធៀបប្រាក់បំណាច់ទាំងពីរប្រភេទនេះរួចហើយ យើងនឹងបន្តពិភាក្សាអំពីលក្ខខណ្ឌ និងរបៀបបើកប្រាក់អតីតភាពការងារ។
២. ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩៖
យោងតាមមាត្រា ៨៩ (ថ្មី) នៃច្បាប់ស្តីពីការងារ និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិតដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ១៥ ថ្ងៃ ក្នុង១ ឆ្នាំ។ រៀងរាល់ ៦ ខែ និយោជកត្រូវទូទាត់ជូនកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារនេះចំនួនពាក់កណ្តាល។ ប្រសិនបើកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ត្រូវបានរំលាយដោយភាគីនិយោជក ស្របទៅតាមបញ្ញត្តិនៃច្បាប់ស្តីពីការងារ និយោជកត្រូវតែឱ្យកម្មករនិយោជិតដែលនៅសល់អតីតភាពការងារចាប់ពី១ ខែ ដល់ក្រោម ៦ខែ នូវប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន៧ (ប្រាំពីរ) ថ្ងៃ។
ចំពោះការអនុវត្តមាត្រា ៨៩ (ថ្មី) ខាងលើនេះ ប្រកាសលេខ ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ថាការផ្តល់ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៩ ស្របតាមបែបបទដូចតទៅនេះ។ និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់ឈ្នួលបន្ទាប់បន្សំ ១៥ ថ្ងៃ ក្នុង ១ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន ប្រាំពីរកន្លះ ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង ចំនួន ប្រាំពីរកន្លះថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។ ចំពោះកម្មករនិយោជិតដែលចូលធ្វើការនៅក្នុងឆ្នាំដំបូង ហើយដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី ១ ខែដល់ ៦ខែ និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន ប្រាំពីរកន្លះថ្ងៃ។ (ប្រការ ២ ប្រកាសលេខ ៤៤៣) អតីតភាពការងារកម្មករនិយោជិយោជិតសម្រាប់ទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវគិតចាប់ពីពេលបានចុះកិច្ចសន្យាការងារជាកម្មករនិយោជិតពេញសិទ្ធិ ដោយមិនរាប់ចូលថិរវេលាសាកល្បងការងារទេ។ ការទូទាត់ប្រាក់បំណាច់អតីតភាពការងាថ្មីក្នុងឆ្នាំនីមួយៗចាប់ពីឆ្នាំ២០១៩ ត្រូវបានណែនាំដោយសេចក្តីណែនាំលេខ ០៥៨/១៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
៣. ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩៖
បន្ថែមលើការបើកប្រាក់បំណាច់អតីតភាពការងារដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៩ ប្រកាសលេខ ៤៤៣ ខាងលើ ដដែលនេះបានកំណត់អំពីការបើករំលឹកប្រាក់អតីតភាពការងាររបស់កម្មករនិយោជិតដែលមានមុនឆ្នាំ២០១៩ ផងដែរ។ អនុលោមតាមប្រការ ៣ នៃប្រកាសលេខ ៤៤៣ នេះ ការបើករំលឹកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតនៅគ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវធ្វេី ២ ដងក្នុង ១ឆ្នាំ (ប្រាក់បំណាច់ចំនួន ១៥ ថ្ងៃ នៅខែមិថុនា និងប្រាក់បំណាច់ចំនួន ១៥ ថ្ងៃនៅខែធ្នូ)។ ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវបានពន្យល់ណែនាំដោយសេចក្តីណែនាំលេខ ០៥៧/១៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
អនុលោមតាមប្រការ ៣ នៃប្រកាសលេខ ៤៣៣ ខាងលើ ក៏មានការបើករំលឹកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតគ្រឹះស្ថានក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលត្រូវបើក ២ ដងក្នុង ១ឆ្នាំ (ប្រាក់បំណាច់ចំនួន ប្រាំពីរកន្លះថ្ងៃ នៅខែមិថុនា និងប្រាក់បំណាច់ចំនួន ប្រាំពីរកន្លះថ្ងៃ នៅខែធ្នូ) ។ ក៏ប៉ុន្តែបើយោងតាមសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានក្រៅពីផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែក ជើង ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ត្រូវបានពន្យាពេលក្នុងការអនុវត្តទៅខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។