រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ (មាត្រា ១៥២ ថ្មី (ពីរ មាត្រា ១៥០ ថ្មី) នៃរដ្ឋធម្មនុញ្ញ) បន្ថែមពីនេះទៀត ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ (មាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញ) រដ្ឋធម្មនុញ្ញបានកំណត់អំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋ ដែលក្នុងនោះសិទ្ធិរបស់កម្មករនិយោជិតមួយក៏ត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញដែរ។ ដូចគ្នានឹងច្បាប់ផ្សេងទៀតដែរ ច្បាប់ស្តីពីការងារ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍មូលដ្ឋាន សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អត្ថបទនេះ ធ្វើការពិភាក្សាដោយសង្ខេបអំពីទំនាក់ទំនងរវាងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។ តើច្បាប់ទាំងពីរនេះមានចំណុចរួមអ្វីខ្លះ?
១. ការធានានូវសិទ្ធិរស់រានមានជីវិត៖ រដ្ឋធម្មនុញ្ញ មាត្រា ៣២ ចែងថាជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ មាត្រានេះបញ្ជាក់ឡើងវិញថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលបានធានា និងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ ស្របនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក៏មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។ ឧទាហរណ៍ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារកំណត់ថាប្រាក់ឈ្នួលដែលកម្មករនិយោជិតត្រូវទទួលបាន យ៉ាងហោចណាស់ក៏ត្រូវឲ្យស្មើនឹងប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា ពោលគឺរ៉ាប់រងកម្មករនិយោជិតគ្រប់រូបឲ្យមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស។ មាត្រា ១៣៧ នៃច្បាប់ស្តីពីការងារកំណត់ថិរវេលាអតិបរមាធ្វើការពេញលេញនៃកម្មករនិយោជិតទាំងពីរភេទមិនត្រូវឲ្យលើសពី៨ ម៉ោងក្នុងមួយថ្ងៃ ឬ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ឡើយ។ មាត្រា ៧៤ នៃច្បាប់ដដែលតម្រូវឲ្យនិយោជកមានហេតុផលសមរម្យ នៅពេលបញ្ឈប់កម្មករនិយោជិតរបស់ខ្លួនពីការងារ។ នៅមានបទប្បញ្ញត្តិផ្សេងៗទៀត ដែលបានតាក់តែងឡើងក្នុងគោលដៅសម្រេចឲ្យបាននូវការធានាសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។
២. ការធានានូវសិទ្ធិក្នុងការជ្រើសរើសមុខរបររបស់កម្មករនិយោជិត៖ យោងមាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម។ ស្របនឹងគោលការណ៍នេះ មាត្រា ៧០ នៃច្បាប់ស្តីពីការងារកំណត់ថា ត្រូវចាត់ជាមោឃៈដោយពេញច្បាប់ នូវខណាមួយនៃកិច្ចសន្យាដែលហាមឃាត់កម្មករនិយោជិតមិនឲ្យធ្វើសកម្មភាពអ្វីមួយ បន្ទាប់ពីកិច្ចសន្យាបានផុតរលត់។ មាត្រា ១៥ នៃច្បាប់ស្តីពីការងារ បានចែងថាការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ជាដាច់ខាត ដោយអនុលោមតាមអនុសញ្ញា លេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច អនុម័តនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៣០ ដោយអង្គការការងារអន្តរជាតិ ហើយព្រះរាជាណាចក្រកម្ពុជាបានឲ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។
៣. ការធានារនូវប្រាក់ឈ្នួលស្មើគ្នាចំពោះការងារដូចគ្នា៖ មាត្រា ៣៦ កថាខណ្ឌ ២ នៃរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ស្របនឹងគោលការណ៍នេះ ច្បាប់ស្តីពីការងារ មាត្រា ១០៦ កំណត់ថាចំពោះការងារដែលមានលក្ខខណ្ឌស្មើគ្នា ភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងផលដែលធ្វើបានស្មើគ្នា ប្រាក់ឈ្នួលត្រូវឲ្យស្មើគ្នាដល់កម្មករនិយោជិតទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ ទោះបីមានដើមកំណើត ភេទ ឬអាយុយ៉ាងណាក៏ដោយ។
៤. ការធានារ៉ាប់រងសង្គម៖ មាត្រា ៣៦ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។ មាត្រា ២៥៦ នៃច្បាប់ស្តីពីការងារ តម្រូវឲ្យមានរបបទូទៅមួយខាងការរ៉ាប់រងជាកាតព្វកិច្ច ចំពោះគ្រោះថ្នាក់ការងារ។ របបនេះត្រូវប្រព្រឹត្តទៅក្រោមការរ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម។
៥. ការធានានូវសិទ្ធិធ្វើសកម្មភាពរួមគ្នា៖ ដើម្បីលើកតំកើង និងការពារនូវសិទ្ធិរបស់កម្មករនិយោជិត ច្បាប់ត្រូវតែទទួលស្គាល់នូវសិទ្ធិប្រមូលផ្តុំគ្នា សិទ្ធិសំដែងឆន្ទៈរួមគ្នា និងសិទ្ធិធ្វើសកម្មភាពរួមគ្នារបស់កម្មករនិយោជិត។ ឧទាហរណ៍ មាត្រា ៣៦ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។ មាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។ ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ មាត្រា ២៦៦ នៃច្បាប់ស្តីពីការងារចែងថា ដោយគ្មានការប្រកាន់អ្វីទាំងអស់ និងដោយពុំចាំបាច់មានការអនុញ្ញាតជាមុន កម្មករនិយោជិត និងនិយោជក មានសិទ្ធិបង្កើតអង្គការវិជ្ជាជីវៈតាមការជ្រើសរើសរបស់ខ្លួនក្នុងគោលបំណងសម្រាប់តែការសិក្សា លើកតំកើងផលប្រយោជន៍ និងការការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសំភារៈជាសមូហភាព និងជាឯកត្តជន ចំពោះបុគ្គលដែឡលក្ខន្តិកៈរបស់អង្គការនោះបានកំណត់។ មាត្រា ៣១៩ នៃច្បាប់ស្តីពីការងារចែងថា សិទ្ធិធ្វើកូដកម្ម និងឡុកអៅ ត្រូវបានធានា។ សិទ្ធិនេះអាចត្រូវបានអនុវត្តដោយភាគីណាមួយក្នុងចំណោមភាគីដែលមានវិវាទ ក្នុងករណីដែលមានការបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
៦. ការការពារកម្មករនិយោជិតជាស្ត្រី៖ មាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញចែងថា ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ មាត្រា ៤៦ នៃច្បាប់ដដែលក៏បានចែងថា ត្រូវហាមឃាត់មិនឲ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ ច្បាប់ស្តីពីការងារមាត្រា ១៧២ ចែងថា និយោជក និងនាយកគ្រឹះស្ថានដែលមានប្រើកម្មករជាក្មេង ឬកូនជាងអាយុតិចជាង១៨ ឆ្នាំ ឬស្រ្តីឲ្យធ្វើការក្នុងនោះ ត្រូវមើលឲ្យមានកិរិយាមារយាទល្អ ហើយនិងរក្សការសមរម្យចំពោះសាធារណៈជនផង។ ត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការរំលោភខាងផ្លូវភេទ គ្រប់ទ្រង់ទ្រាយទាំងអស់។ មាត្រា ១៨២ នៃច្បាប់ស្តីពីការងារចែងថាក្នុងសហគ្រាសទាំងអស់ដែលស្ថិតក្រោមច្បាប់ស្តីពីការងារ ត្រូវមានសិទ្ធិឈប់សំរាក ៩០ ថ្ងៃ ដើម្បីសំរាលកូន។ ក្រោយពីការឈប់សំរាកសំរាលកូនមក ក្នុងរយៈពេល ២ ខែដែលបានចូលធ្វើការ និយោជកត្រូវឲ្យស្រី្តនោះធ្វើតែការងារណាស្រាលៗ។ ត្រូវហាមឃាត់មិនឲ្យនិយោជក បញ្ឈប់ស្តី្រសំរាលកូននៅពេលឈប់ឆ្លងទន្លេ ឬនៅថ្ងៃណាមួយក្នុងពេលឈប់សំរាកសំរាលកូននេះ ទោះដោយវិធីឲ្យដំណឹងមុនក៏ដោយ។
ដូចបានបង្ហាញខាងលើ រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការងារមានទំនាក់ទំនងដែលមានអាចកាត់ផ្តាច់បាន។ ក្នុងករណីដែលច្បាប់ស្តីពីការងារមិនអាចដោះស្រាយបញ្ហានៃទំនាក់ទំនងការងារបាន គេអាចយកគោលការណ៍ទូទៅដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មកដោះស្រាយបញ្ហានោះក៏បាន។