វិធីសាស្ត្រនៃការសិក្សាច្បាប់

ថ្ងៃនេះ ខ្ញុំសូមចែករំលែកដោយសង្ខេបជូនបងប្អូននិស្សិតដែលកំពុងសិក្សាមុខជំនាញនីតិសាស្ត្រ ឬមុខវិជ្ជាច្បាប់។ កន្លងមក ប្រហែលជាបងប្អូនមួយចំនួនធ្លាប់បានលឺគេនិយាយតៗគ្នារួចមកហើយថា “អ្នករៀនច្បាប់ ទាល់តែពូកែចងចាំ”។ តើអ្នកសិក្សាច្បាប់ ចាំបាច់ត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការចងចាំ ឬមានវិធីសាស្ត្រសិក្សាបែបណាក្នុងការសិក្សាច្បាប់?

បើយើងរៀនអ្វីមួយរួចហើយ យើងអាចចងចាំបានយូរ ពិតជាល្អប្រសើរណាស់។ ប៉ុន្តែ ការចងចាំរបស់យើង អាចនឹងបាត់បង់ ឬយើងអាចនឹងភ្លេច ទៅតាមពេលវេលា។ យើងចាំ តែមិនចេះ និងមិនយល់អំពីច្បាប់ ក៏យើងមិនអាចប្រើប្រាស់ចំណេះដឹងផ្នែកច្បាប់នោះ ឲ្យបានគ្រប់ទិដ្ឋភាពឡើយ ដោយសារតែច្បាប់មានភាពស្មុគស្មាញ និងបត់បែនទៅតាមកាលៈទេសៈនីមួយៗ។ ដូច្នេះ យើងជាអ្នកសិក្សាច្បាប់គួររកវិធីសាស្ត្រសិក្សាដែលយើងគិតថាសមស្របសម្រាប់ខ្លួនយើង។ វិធីសាស្ត្រសិក្សាសម្រាប់ខ្ញុំ គឺការស្វែងយល់អំពីច្បាប់ បន្ថែមទៅលើការចងចាំច្បាប់ផងដែរ។ ខ្ញុំយល់ថា ជាទូទៅ អ្នកសិក្សាច្បាប់គួរស្វែងយល់ចំណុចគោល ចំនួន ៣ នៅពេលសិក្សាច្បាប់។ ទី១ គឺទ្រឹស្តី ទី២ គឺអត្ថបទច្បាប់ និងទី៣ គឺការអនុវត្តច្បាប់ ដែលចំណុចគោលទាំង៣នេះ អាចនាំឲ្យយើងងាយយល់អំពីច្បាប់ ហើយអាចយកច្បាប់ទៅប្រើជាប្រយោជន៍នៅក្នុងកាលៈទេសៈនានា។

ទី១. ការស្វែងយល់អំពីទ្រឹស្តី ឬគោលការណ៍ដែលត្រូវបានបង្កប់នៅក្នុងអត្ថបទច្បាប់ ឬជាមូលដ្ឋានគ្រឹះនៃការកំណត់អត្ថន័យរបស់អត្ថបទច្បាប់ អាចនាំឲ្យមានភាពងាយស្រួលដល់ការសិក្សាច្បាប់។ ឧទាហរណ៍ វិធាននៃការរំលាយកិច្ចសន្យា ទាមទារឲ្យភាគីដែលមានបំណងរំលាយកិច្ចសន្យានោះជូនដំណឹងជាមុនក្នុងអំឡុងពេលសមស្របណាមួយ ទៅភាគីម្ខាងទៀតនៃកិច្ចសន្យា។ គោលគំនិតនៃវិធាននេះ គឺជាការពារដល់ភាគីម្ខាងទៀត ឲ្យរួចផុតពីការខូចខាតដែលអាចកើតឡើងដោយសារការរំលាយកិច្ចសន្យាភ្លាមៗ ឬមិនបានរំពឹងទុកជាមុន។ យើងអាចស្វែងរកទ្រឹស្តី ឬគោលការណ៍នានា តាមរយៈការអានសៀវភៅរបស់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និងឯកសារផ្សេងៗដែលបកស្រាយ ឬវិភាគអំពីច្បាប់នានា។ ឧទាហរណ៍ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីពន្យល់ពីមាត្រានីមួយៗ ដែលអាចឲ្យអ្នកសិក្សា ងាយយល់អំពីគោលគំនិត និងអត្ថន័យនៃមាត្រារបស់ក្រមរដ្ឋប្បវេណី។

ទី២. អ្នកសិក្សាគួរស្វែងយល់អំពីខ្លឹមសារនៃអត្ថបទច្បាប់ ។ អត្ថបទច្បាប់សំដៅដល់ខ្លឹមសារនៃច្បាប់ ជាលាយលក្ខណ៍អក្សរទាំងឡាយដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម។ ឧទាហរណ៍ ក្រមរដ្ឋប្បវេណី ក្រមព្រហទណ្ឌ និងច្បាប់ស្តីពីការងារជាអាទិ៍ គឺជាអត្ថបទច្បាប់។ ជាទូទៅ អត្ថបទច្បាប់ទាំងនេះ ត្រូវបានរៀបចំតាក់តែងឡើងដោយការយកចិត្តទុកដាក់ និងគិតគូរបានយ៉ាងល្អិតល្អន់ ដោយធ្វើយ៉ាងណាឲ្យគោលការណ៍ ឬគោលគំនិតនៃអ្នកនិពន្ធច្បាប់ ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ជាទម្រង់លាយលក្ខណ៍អក្សរ។

ទី ៣. ការស្វែងយល់អំពីការអនុវត្តច្បាប់នៅក្នុងការដោះស្រាយវិវាទ ឬបញ្ហាជាក់ស្តែងដែលកើតមានឡើងនៅក្នុងសង្គម ក៏មានសារៈសំខាន់សម្រាប់អ្នកសិក្សាច្បាប់ដែរ។ គេអាចស្វែងរកការអនុវត្តច្បាប់របស់ចៅក្រម ឬអាជ្ញាកណ្តាល ដែលមានអំណាចក្នុងការជំនុំជម្រះ និងការសម្រេចសេចក្តី ចំពោះវិវាទជាក់លាក់ណាមួយ។ អ្នកសិក្សាច្បាប់នឹងបានយល់កាន់តែស៊ីជម្រៅនៅពេលបានដឹងអំពីការបកស្រាយ និងការយកអត្ថបទច្បាប់ទៅប្រើជាប្រយោជន៍ក្នុងការផ្តល់ដំណោះស្រាយជូនភាគីនៃវិវាទ ឬនៅក្នុងកាលៈទេសៈពិសេសៗនៃវិវាទ។ ម៉្យាងទៀត ទម្លាប់នៃការបកស្រាយច្បាប់ដូចៗគ្នារបស់ចៅក្រម និងអាជ្ញាកណ្តាល អាចក្លាយជាយុត្តិសាស្ត្រ ឬយើងអាចហៅថា”ច្បាប់មិនសរសេរ”ដែលមានឥទ្ធិពលដល់ស្ថេរភាពនៃការអនុវត្តច្បាប់នៅក្នុងសង្គមផងដែរ។

សរុបមក ការសិក្សាច្បាប់មានវិធីសាស្ត្រច្រើនណាស់។ ខ្ញុំគ្រាន់តែលើកយកទស្សនៈផ្ទាល់ខ្លួន ដែលខ្ញុំកន្លងមកតែងអនុវត្តនៅពេលសិក្សាស្រាវជ្រាវច្បាប់។ ប្រសិនបើបងប្អូននិស្សិតមានវិធីសាស្ត្រផ្សេងក្នុងការសិក្សាស្រាវជ្រាវច្បាប់ ហើយដែលមានបំណងចែករំលែក ពួកគាត់អាចចែករំលែកមកខ្ញុំបាន ដើម្បីសិក្សាស្រាវជ្រាវបន្តទៀត។

Categories General knowledge

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close